ក្នុង​ចំណោម​មុខវិជ្ជា​ជា​ច្រើន​ដែល​​កំពុង​សិក្សានៅ​តាម​សាកលវិទ្យាល័យ​នានា​3D​Animation​ជា​ជំនាញ​ថ្មី​មួយ​ទៀត។​មាន​​​សក្ដានុពល​ខ្ពស់​សម្រាប់​ទីផ្សារ​ការងារ​តែ​មាន​សាលា​មិន​ច្រើន​ទេ​ដែល​មាន​បណ្ដុះបណ្ដាល​មុខវិជ្ជា​3D​Animation​ដល់​សិស្ស​និស្សិត​​សិក្សា​។


​លោក​ហៀង​ស៊ូហាន​សាស្ត្រាចារ្យ​និង​ជា​អ្នក​គ្រប់គ្រង​នៅ​វិទ្យាស្ថាន​ស៊ី​ហ្គេក​ជាសាលា​មួយ​​ដែល​ផ្តោត​លើ​ការ​បណ្ដុះបណ្ដាល​មុខ​ជំនាញ​3D​Animation​ចាប់​តាំង​ពី​ឆ្នាំ​២០០៦​បាន​លើក​ពីការ​សិក្សា​ជំនាញ​3D​Animation​ដើម្បី​​សិស្ស​និស្សិត​ទាំង​អស់អាច​សិក្សា​ស្វែង​យល់។
Sabay៖​តើ​​ជំនាញ​3D​Animation​គេ​សិក្សា​យ៉ាង​ដូចម្ដេច​ហើយ​ការ​សិក្សា​មាន​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ?
សាស្ត្រាចារ្យ៖​ជំនាញ​3D​Animation​គេ​សិក្សា​ផ្តោត​សំខាន់​ទៅ​លើ​ការ​បង្កើត​ភាពយន្ត​គំនូរជីវចល​3D,​​Spot​Commercial,​3D​Film​ជាដើម។​ជំនាញ​នេះ​គេ​សិក្សា​អំពី​ការ​គូស​ដែល​មាន​ការ​គូស​ជា​រូប​តួអង្គ,​គូស​ជា​សាច់​រឿង,​ដាក់​ពណ៌​ដាក់​ពន្លឺ,​បច្ចេកទេស​នៃ​ការ​ថត,​បច្ចេកទេស​នៃ​ការ​បញ្ចូល​3D​ទៅ​ក្នុង​វីដេអូ,​បច្ចេកទេស​នៃ​ការ​ចង​ឆ្អឹង​ឲ្យ​តួអង្គ,​តិចនិក​នៃ​ការ​ធ្វើ​ចលនា​ឲ្យ​តួអង្គ​រួមមាន​មុខវិជ្ជា​ជា​ច្រើន​ទៀត​ដែល​ត្រូវ​សិក្សា។​ជំនាញ​3D​Animation​ការ​សិក្សា​អាច​មាន​រយៈពេល​១៨​ខែ,​២ឆ្នាំ​និង​៤ឆ្នាំ។
Sabay៖​តើ​អ្វី​ជា​សក្ដានុពល​​ក្នុង​ការ​ជ្រើសរើស​ជំនាញ​នេះ​សិក្សា​បើ​ប្រៀបធៀប​មុខ​ជំនាញ​ដទៃ​ទៀត?
សាស្ត្រាចារ្យ៖​ជំនាញ​3D​Animation​ជា​ជំនាញ​មួយ​ដែល​មាន​សក្ដានុពល​ណាស់​នា​ពេល​បច្ចុប្បន្ន​បើ​ប្រៀបធៀប​មុខ​ជំនាញ​ដទៃ​ទៀត​ដែល​មាន​សក្ដានុពល​ដូចគ្នា​​ពីព្រោះ​អ្នក​ដែល​មាន​ជំនាញ​3D​Animation​អាច​ធ្វើការ​បាន​ច្រើន​មុខ​ដូចជា៖​បង្កើត​គំនូរ​ជីវចល,​បង្កើត​ជា​ភាពយន្ត,​បង្កើត​ស្ពត​ពាណិជ្ជកម្ម​រួម​ទាំង​វិស័យ​ជាច្រើន​ទៀត​ដែល​ទាក់ទង​សិល្បៈ​កម្សាន្ត​។
Sabay៖​តើ​អាច​មាន​បញ្ហា​ប្រឈម​ណា​ខ្លះ​សម្រាប់​ការ​សិក្សា​ជំនាញ​​នេះ​​​ដែល​អាច​នាំ​ឲ្យ​និស្សិត​បោះបង់​ចោល​ការ​សិក្សា​កណ្ដាល​ទី?
សាស្ត្រាចារ្យ៖​ប្រាកដ​ណាស់​ការ​សិក្សា​ជំនាញ​អ្វី​ក៏​ដោយ​ក៏​មាន​ឧបសគ្គ​ដែរ។​យ៉ាងណាមិញ​ការសិក្សា​ជំនាញ​3D​Animation​នេះ​ក៏​មិន​ខុស​គ្នា​ដែរ។​វា​ត្រូវការ​ភាព​អត់ធ្មត់​ព្យាយាម​និងការ​អនុវត្តន៍​ច្រើន។​ឧទាហរណ៍​ការ​សិក្សា​មុខវិជ្ជា​គូរ​រូប,​ដំឡើង​រូប​តួអង្គ,​ចង​ឆ្អឹង​និង​បង្កើត​ចលនា​ឲ្យ​តួអង្គ​សិក្សា​​ត្រូវការ​ភាព​អត់ធ្មត់​និង​ការ​អនុវត្តន៍​ច្រើន​ជា​រៀងរាល់​ថ្ងៃ។​បើ​និស្សិត​គ្មាន​ការ​ព្យាយាម​អត់ធ្មត់​និង​មាន​ពេល​អនុវត្តន៍​​ច្រើន​ទេ​​មិន​អាច​សិក្សា​បាន​ល្អ​និង​អាច​បោះចោល​ការ​សិក្សា​កណ្ដាល​ទី​ជា​មិនខាន។

Sabay៖​តើ​និស្សិត​ដែលជ្រើសរើស​សិក្សា​ជំនាញ​​3D​Animation​​​ត្រូវ​មានការ​ត្រៀមខ្លួន​និង​មាន​ចំណេះដឹង​មូលដ្ឋាន​អ្វី​ខ្លះ​?
សាស្ត្រាចារ្យ៖​ជា​ការ​ពិត​ណាស់​​​អ្នក​ចង់​រៀន​ជំនាញ​នេះ​​ត្រូវ​មាន​ឆន្ទៈ​ស្រលាញ់​និង​ការ​ព្យាយាម​និង​មាន​មូលដ្ឋាន​ខ្លះៗ​ខាង​​ការ​គូរ​រូប​ដែល​វា​នឹង​ធ្វើ​ឲ្យ​ការ​សិក្សា​មាន​ដំណើរការ​ល្អ។
Sabay៖​ក្រៅ​ពី​ស៊ីហ្គេក​មាន​គ្រឹះស្ថាន​សិក្សា​​ណា​ខ្លះ​ទៀត​​ដែល​កំពុង​បណ្ដុះបណ្ដាល​ជំនាញ​3D​Animation?
សាស្ត្រាចារ្យ៖​ក្រៅ​ពី​វិទ្យាស្ថាន​ស៊ី​​ហ្គេក​នៅ​ក្នុង​ប្រទេស​យើង​សព្វថ្ងៃ​មាន​គ្រឹះស្ថាន​មួយ​ចំនួន​ដែរ​ដែល​កំពុង​បណ្ដុះបណ្ដាល​ជំនាញ​3D​Animation​ដល់​សិស្ស​និស្សិត​ដូចជា​Objectif​3D,​Limkokwing​តែ​គ្រឹះស្ថាន​ជនជាតិ​ខ្មែរ​បង្កើត​មាន​តែ​វិទ្យាស្ថាន​ស៊ី​​ហ្គេក​តែមួយ​គត់​ដែល​កំពុង​បណ្ដុះបណ្ដាល​ជំនាញ​3D​Animation​នេះ។
Sabay៖​តើ​សាស្រ្តាចារ្យ​អាច​ជួយ​បង្ហាញ​​​ពី​ដំណើរ​ការ​សិក្សា​ជំនាញ​​3D​Animation​នៅ​ស៊ីហ្គេក?
នៅសាលាស៊ីហ្គេក​ការ​សិក្សា​ឆ្នាំ​ដំបូង​គេ​ផ្តោត​សំខាន់​លើ​ការ​គូរ​រូប,​ដំឡើង​រូប​តួអង្គ,​បំពាក់​ពណ៌​Texture​ឲ្យ​តួអង្គ។​ចូល​ដល់​ឆ្នាំទី២​ចាប់ផ្ដើម​សិក្សា​ពី​ការ​ចង​ឆ្អឹង,​សិក្សា​ពី​មូលដ្ឋាន​គ្រឹះ​នៃ​ការ​ធ្វើ​ចលនា​រូបភាព​និង​ម៉ូហ្សិន។​ឆ្នាំទី៣​និង​ទី​៤​សិក្សា​ពី​តិចនិក​នៃ​ការ​ធ្វើ​ចលនា​ដាយណាមិច,​វីហ្សូល​អេហ្វិច,​ម៉ូហ្សិន​ខាប់ឆើ​និង​ធ្វើ​សារណា​បញ្ចប់​ការ​សិក្សា។
Sabay៖​តើ​ការ​រីក​ដុះដាល​នៃ​វិស័យ​Animation​បាន​រួម​ចំណែក​យ៉ាង​ណា​ខ្លះ​​សម្រាប់​ការ​​សិក្សា​ជំនាញ​3D​Animation?
សាស្ត្រាចារ្យ៖​ការ​រីក​ដុះដាល​នៃ​វិស័យ​Animation​បាន​រួម​ចំណែក​យ៉ាង​ខ្លាំង​ដល់​ការ​សិក្សា​ជំនាញ​Animation។​និស្សិត​ដែល​​ចេះច្បាស់​​ជំនាញ​នេះ​​ប្រាកដ​ណាស់​នឹង​មាន​ឱកាស​ការងារ​ខ្ពស់​រួមទាំង​ប្រាក់​ខែ​ច្រើន​។
Sabay៖​តើ​​លោក​មើល​ឃើញ​បច្ចេកវិទ្យា​3D​Animation​ចាប់ផ្ដើមរីកចម្រើន​​នៅ​ក្នុង​ប្រទេស​កម្ពុជា​ចាប់​ពី​ពេល​ណា​ហើយ​បច្ចុប្បន្ន​អាច​​ប្រៀបធៀប​ប្រទេស​ក្នុង​តំបន់​និង​ពិភពលោក​កម្រិត​ណា​ដែរ?
សាស្ត្រាចារ្យ៖​បើ​តាម​ដែល​ខ្ញុំ​ដឹង​ក្នុង​ប្រទេស​កម្ពុជា​យើង​វិស័យ​​Animation​ចាប់ផ្ដើម​រីក​ដុះដាល​ក្នុង​​ឆ្នាំ​២០០០។​​វា​​ទទួល​ការ​ចាប់​អារម្មណ៍​ខ្លាំង​នា​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ។​បច្ចេកវិទ្យា​Animation​មាន​ការ​​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ស្ទើរ​គ្រប់​វិស័យ​ជាពិសេស​លើ​វិស័យ​សិល្បៈ​កម្សាន្ត,​ស្ពត​ពាណិជ្ជកម្ម,​វិស័យ​ភាពយន្ត,​វិស័យ​គំនូរជីវចល។
ទោះជា​នៅ​ក្នុង​ប្រទេស​​យើង​​​3D​Animation​កំពុង​​រីក​ដុះដាល​ប៉ុន្តែ​វា​ស្ថិត​នៅ​ដំំណាក់​កាល​សិក្សា​នៅឡើយ។​វា​ត្រូវការ​ពេលវេលា​យូរ​ទៀត​ដើម្បី​ធនធានប្រទេស​យើង​មាន​​សមត្ថភាព​និង​អាច​​ប្រកួតប្រជែងជាមួយ​ប្រទេសជិត​ខាង​ក្នុង​តំបន់​និង​នៅលើពិភពលោក។
Sabay៖​ចុងក្រោយ​លោក​មាន​ពាក្យ​ពេចន៍​អ្វី​ផ្ដាំ​ផ្ញើ​ដល់​មិត្ត​និស្សិត​​ដែល​កំពុង​សិក្សា​និង​ចង់​ចាប់​​ជំនាញ​3D​Animation​សិក្សា?
សាស្ត្រាចារ្យ៖​ជាចុងក្រោយ​ខ្ញុំ​មាន​ពាក្យ​ពេចន៍​ខ្លះៗ​សម្រាប់​អ្នក​ដែល​មាន​បំណង​ចង់​សិក្សា​ជំនាញ​3D​Animation​សូម​សម្រេចចិត្ត​ឲ្យ​បាន​ច្បាស់​។​3D​Animation​ជា​ជំនាញ​មួយ​ដែល​កំពុង​មាន​ទីផ្សារ​ការងារ​ខ្ពស់​ហើយ​អនាគត​ពីភពលោក​នឹង​វិវឌ្ឍន៍​ទៅ​រក​ការ​ប្រើប្រាស់​​បច្ចេកវិទ្យា​Animation​នេះ។
បញ្ជាក់៖​អត្ថបទ​ផ្សាយ​ឡើង​វិញ
ចុច​អាន

អត្ថបទ៖ ប៊ុណ្ណារ៉ា